កាលបរិច្ឆេទ: ១០ សីហា ២០២២ / សុខភាព
បួនឆ្នាំក្រោយពីការដ្ឋានសំណង់បានចាប់ផ្តើម អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅ Tékane ទទួលបានអគារឱសថស្ថានសហគមន៍មួយថ្មីស្រឡាងកាលពីថ្ងៃទី៣០ កក្កដា ក្នុងឱកាសសម្ពោធបើកឲ្យដំណើរការ។
អគារមួយនេះដែលដំណើរការសាងសង់ត្រូវជួបបញ្ហារអាក់រអួលដោយសារតែវិបត្តិជំងឺ
កូវីដ១៩ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺឆ្លងដែលហៅកាត់ថា ACTUME។ សមាគមនេះប្រមូលផ្តុំដោយជនជាតិម៉ូរីតានី ដែលរស់នៅប្រទេសបារាំង ដែលមានបំណងចូលរួមចំណែកអភិវឌ្ឍប្រទេសកំណើតរបស់ខ្លួន ក្នុងក្របខណ្ឌនយោបាយទំនួលខុសត្រូវសង្គម ហើយសហគ្រាសផលិតឱសថប៉េប៉េអឹមក៏បានឧបត្ថម្ភគាំទ្រដល់សកម្មភាពរបស់សមាគមនេះផងដែរ។
ឱសថស្ថានសហគមន៍នឹងអាចជួយសម្រួលដល់ការផ្តល់សេវាព្យាបាលដល់ប្រជាពលរដ្ឋរហូតដល់១៧០០០នាក់ឯណោះ និងជាកន្លែងសម្រាប់ផ្តល់យោបល់ ផ្តល់ព័ត៌មាន និងជជែកពិភាក្សាជុំវិញបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្រីក្រ។ ម្យ៉ាងវិញទៀត វត្តមានរបស់ឱសថស្ថានសហគមន៍នឹងចូលរួមលើកកម្ពស់គុណភាពសេវាព្យាបាល តាមរយៈការតាមដានថ្នាំ (ព័ត៌មានទាក់ទងនឹងលេខសម្គាល់ថ្នាំសម្រាប់មួយប្រអប់ ឈ្មោះថ្នាំ ឈ្មោះក្រុមហ៊ុន លេខសម្គាល់ទូទៅសម្រាប់ផលិតផលថ្នាំដូចគ្នា និងថ្ងៃខែផុតកំណត់)និងយុទ្ធសាស្រ្តបង្ការនៅក្នុងសហគមន៍ Tékane ដែលស្ថិតនៅភាគនិរតីនៃប្រទេសម៉ូរីតានី និងនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនប្រទសសេណេហ្គាល់។
ឱសថស្ថានសហគមន៍ទទួលបានជំនួយពីសហគ្រាសផលិតឱសថប៉េប៉េអឹមផ្នែកការងារគ្រប់គ្រងក្នុងការរៀបចំបំពាក់គ្រឿងបរិក្ខារឱសថស្ថាន ព្រោះថា៨០%នៃផលិតផលនៅឱសថស្ថានគឺជាផលិតផលរបស់សហគ្រាសផលិតឱសថ ប៉េប៉េអឹម ។
ជាក់ស្តែង ដោយមានការយល់ព្រមពីសំណាក់លោកឱសថបណ្ឌិត Ousmane Sy ដែលជាអ្នកគ្រប់គ្រងឱសថស្ថាន ក្រុមការងារសហគ្រាសផលិតឱសថ ប៉េប៉េអឹម ដែលមានសមាសភាពអ្នកគ្រប់គ្រងនៅម៉ូរីតានី និងមានជំនួយការពីអ្នកគ្រប់គ្រងនៅប្រទេសសេណេហ្គាល់ផងនោះ បានបើកវគ្គបណ្តុះបណ្តាលដល់អ្នកលក់ថ្នាំនៅឱសថស្ថានពីបច្ចេកទេស និង ការប្រើប្រាស់ផលិតផល។
សហគ្រាសផលិតឱសថ ប៉េប៉េអឹម ជួយឱសថស្ថានក្នុងការបើកគណនេយ្យរបស់ខ្លួននៅក្រុមហ៊ុនចែកចាយឱសថធំៗ ដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឱសថឲ្យបានទៀងទាត់ និងបានជួយរៀបចំដាក់តាំងផលិតផលឱសថនៅតាមថ្នាក់ទូនីមួយៗ។ សកម្មភាពរបស់សហគ្រាសទទួលបានការគោរពកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នករៀបចំកម្មវិធី អាជ្ញាធរដែលមានវត្តមាននៅទីនោះ ជាពិសេសគឺចៅហ្វាយក្រុង និងចៅក្រមដ៏ល្បីឈ្មោះនៅ Tékane និងជាពិសេសពីសំណាក់ប្រជាពលរដ្ឋ បានថ្លែងអំណរគុណឥតឈប់ឈរចំពោះសហគ្រាសផលិតឱសថ ប៉េប៉េអឹម ក្នុងឱកាសសម្ពោធអគារ
ឱសថស្ថាន៕